អ៊ីនធឺណិតមានសុវត្ថិភាពជាងមុន

យើងជួយធ្វើឲ្យបណ្តាញអ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់អ្នករាល់គ្នា។

យើងមានប្រវត្តិយូរមកហើយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាសុវត្ថិភាពដែលមិនត្រឹមតែជួយដល់អ្នកប្រើរបស់យើងប៉ុណ្ណោះទេ តែវាជួយដល់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកទាំងមូល។ នៅពេលដែលយើងបង្កើតបច្ចេកវិទ្យាដើម្បីធ្វើឲ្យសេវាកម្មរបស់យើងមានសុវត្ថិភាពជាងមុន យើងតែងតែស្វែងរកនូវឱកាសដើម្បីចែករំលែកវាជានិច្ចដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ស្របពេលដែលការគំរាមកំហែងមានការផ្លាស់ប្តូរគ្រប់ពេល វិធានការនៃការវាស់វែង និងសម្របសម្រួលជាមុនរបស់យើងធ្វើការត្រួសត្រាយផ្លូវដល់ក្រុមហ៊ុនផ្សេងទៀតឲ្យអនុវត្តតាម។

បច្ចេកវិទ្យារុករកដោយសុវត្ថិភាពមិនត្រឹមតែការពារអ្នកប្រើ Chrome ប៉ុណ្ណោះទេ

កាលដើមឡើយ យើងបានបង្កើតបច្ចេកវិទ្យារុករកដោយសុវត្ថិភាពរបស់យើង ដើម្បីការពារអ្នកប្រើកម្មវិធី Chrome ពីមេរោគ និងការប៉ុនប៉ងលួចបន្លំ ដោយដាស់តឿនពួកគេ នៅពេលដែលពួកគេព្យាយាមចូលទៅកាន់គេហទំព័រដែលមានគ្រោះថ្នាក់។ ដើម្បីធ្វើឲ្យបណ្តាញអ៊ីនធឺណិតមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នា យើងបានបង្កើតបច្ចេកវិទ្យានេះដោយឥតគិតថ្លៃសម្រាប់ក្រុមហ៊ុនផ្សេងទៀតដើម្បីប្រើនៅក្នុងកម្មវិធីរុករករបស់ពួកគេ ដោយរាប់បញ្ចូលទាំងកម្មវិធី Apple Safari និង Mozilla Firefox ផងដែរ។ សព្វថ្ងៃនេះ អ្នកប្រើបណ្តាញអ៊ីនធឺណិតជាងពាក់កណ្តាលនៅលើពិភពលោកត្រូវបានការពារដោយបច្ចេកវិទ្យារុករកដោយសុវត្ថិភាព។

យើងក៏ដាស់តឿនម្ចាស់គេហទំព័រផងដែរ នៅពេលដែលគេហទំព័ររបស់ពួកគេមានបញ្ហាផ្នែកសុវត្ថិភាព ហើយយើងផ្តល់ជូននូវឧបករណ៍ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះឲ្យបានឆាប់រហ័ស។ ការបន្តចែករំលែកបច្ចេកវិទ្យាសុវត្ថិភាពថ្មីដែលយើងបានអភិវឌ្ឍ យើងបានជួយធ្វើឲ្យបណ្តាញអ៊ីនធឺណិតក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នា។

យើងប្រើ HTTPS ដើម្បីការពារអ្នកឲ្យមានសុវត្ថិភាពជាងមុន ខណៈពេលដែលអ្នកប្រើអ៊ីនធឺណិត

ការតភ្ជាប់សេវាកម្មរបស់យើងតាមរយៈការអ៊ិនគ្រីប HTTPS ជួយការពារអ្នកពីអ្នកលួចឆ្មក់ និងហេកឃ័រដែលយាយីផ្នែកសុវត្ថិភាព ដើម្បីធ្វើឲ្យប្រាកដថាអ្នកទទួលបានអ្វីដែលអ្នកចង់បាន និងស្ថិតនៅកន្លែងដែលអ្នកចង់ចូលទៅតែប៉ុណ្ណោះ។ ដើម្បីលើកទឹកចិត្តឲ្យគេហទំព័រនានាប្រើប្រាស់សុវត្ថិភាពបន្ថែមនេះ យើងបានធ្វើឲ្យការអ៊ិនគ្រីប HTTPS ក្លាយជាសញ្ញាមួយដែលក្បួនដោះស្រាយកម្មវិធី Google ស្វែងរកយកមកប្រើនៅពេលចាត់ថ្នាក់គេហទំព័រនៅក្នុងលទ្ធផលស្វែងរករបស់យើង។

យើងបង្កើតការផ្តល់រង្វាន់ផ្នែកសុវត្ថិភាពដើម្បីស្វែងយល់ពីភាពងាយរងគ្រោះ

នៅក្នុងស្ថាប័ន Google យើងបានបង្កើតកម្មវិធីផ្តល់រង្វាន់ផ្នែកសុវត្ថិភាពជូនដល់អ្នកស្រាវជ្រាវឯករាជ្យ ដើម្បីធ្វើការស្វែងរកភាពងាយរងគ្រោះនៅក្នុងសេវាកម្មរបស់យើង និងបង្កើតដំណោះស្រាយផ្នែកសុវត្ថិភាពទាំងនេះ។ ជារៀងរាល់ឆ្នាំ យើងផ្តល់រង្វាន់រាប់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងការដោះស្រាយកំហុសនានា។ បច្ចុប្បន្ននេះ យើងប្រើកម្មវិធីផ្តល់រង្វាន់ផ្នែកសុវត្ថិភាពសម្រាប់ផលិតផល Google ជាច្រើនដូចជា៖ Chrome និង Android ជាដើម។

យើងផ្តល់ជូននូវឧបករណ៍ដោះស្រាយផ្នែកសុវត្ថិភាពដល់អ្នកអភិវឌ្ឍន៍

យើងចែករំលែកបច្ចេកវិទ្យសុវត្ថិភាពរបស់យើង នៅពេលដែលយើងជឿជាក់ថាវាមានគុណតម្លៃសម្រាប់អ្នកដ៏ទៃ។ ឧទាហរណ៍៖ យើងបានផ្តល់ជូននូវសេវាកម្ម Google Cloud Security Scanner របស់យើងដោយឥតគិតថ្លៃសម្រាប់អ្នកអភិវឌ្ឍន៍ ដូច្នេះពួកគេអាចស្កេន និងវិភាគកម្មវិធីអ៊ីនធឺណិតរបស់ពួកគេនៅក្នុង App Engine សម្រាប់ភាពងាយរងគ្រោះផ្នែកសុវត្ថិភាព។

យើងចែករំលែកទិន្នន័យអំពីការអនុវត្តរបស់យើងដើម្បីជួយជម្រុញឲ្យបណ្តាញអ៊ីនធឺណិតមានសុវត្ថិភាពជាងមុន

ចាប់តាំងពីឆ្នាំ 2010 មក, Google បានបោះផ្សាយរបាយការណ៍តម្លាភាព ដែលបង្ហាញពីស្ថិតិអំពីបញ្ហាដូចជា៖ ការដកហូតកម្មសិទ្ធិបញ្ញា, សំណើសុំរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើ, និងគម្រោងផ្នែកសុវត្ថិភាពដូចជា បច្ចេកវិទ្យារុករកដោយសុវត្ថិភាពជាដើម។ យើងក៏ចែករំលែកទិន្នន័យអំពីការប្រើប្រាស់ការអ៊ិនគ្រីបសម្រាប់គេហទំព័រ និងអ៊ីមែលនៅក្នុងឧស្សាហ៍កម្មបច្ចេកវិទ្យាអ៊ីនធឺណិតផងដែរ។ យើងធ្វើដូច្នេះគឺមិនត្រឹមតែចែករំលែកអំពីការវិវឌ្ឍន៍របស់យើងជាមួយអ្នកប្រើនោះទេ ប៉ុន្តែវាក៏ជួយលើកទឹកចិត្តឲ្យស្ថាប័នផ្សេងទៀតប្រើប្រាស់បទដ្ឋានសុវត្ថិភាពដែលរឹងមាំជាងមុន ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នាផងដែរ។